ប្រវត្តិខ្លីៗរបស់សំបុកអាយធី៖
គេហទំព័រសំបុកអាយធីត្រូវបានបង្កើតឡើងនៅថ្ងៃទី ៥ខែកក្កដា ឆ្នាំ២០១១។ មុននឹងសំបុកអាយធីចាប់កំណើតជាដំបូងយើងបានបង្កើតជាប្លក់ WordPress មួយដែលមានឈ្មោះថា៖ www.isharemyworld.wordpress.com។ ដោយក្នុងនោះ isharemyworld បានចុះផ្សាយអត្ថបទដែលទាក់ទងនឹងព័ត៌មានវិទ្យា រួមជាមួយការកម្សាន្តខ្លះៗដូចជា អត្ថបទបែបពញ្ញាក់អារម្មណ៍ (ការប្រើពាក្យពេចន៍ ទាក់ទាញជាដើម)។ គោលបំណងជាបឋមរបស់ isharemyworld គឺគ្រាន់ទុកសម្រាប់ជាឯកសារសម្រាប់ខ្លួនឯង – មើលខ្លួនឯងនៅថ្ងៃក្រោយតែប៉ុន្នោះ។ រហូតមកដល់ថ្ងៃមួយ isharemyworld បានធ្លោយចុះផ្សាយអត្ថបទដែលបង្ហាញពី សេរៀល (លេខកូដ) នៃកម្មវិធី PDF Viewer Pro រួមជាមួយមានការដាក់របាយការណ៍ (Report) ទៅកាន់ WordPress.com ទើប isharemyworld ត្រូវបានបិទចោលជាស្ថាពរ នៅពាក់កណ្តាលឆ្នាំ ២០១១នេះ (រំលោភសិទ្ធិ Term Of Service របស់ wordpress)។ កំឡុងពេលដែលប្រើប្រាស់ WordPress blog isharemyworld នេះ isharemyworld បានឆ្លៀតបង្កើត Blog ថ្មីមួយទៀត ដោយដាក់ឈ្មោះថា៖ សំបុកអាយធីនេះឯង! តែស្ថិតនៅជា www.sombokit.wordpress.com នៅឡើយទេ។ ជារឿយៗ សំបុកអាយធីតែងទទួលបានការគាំទ្រពីមិត្តអ្នកអាន រួមជាមួយការកោតសរសើរផងក៏មាន។ បន្ទាប់មកសំបុកអាយធី បានបន្តដាក់ផ្សាយអត្ថបទបែបព័ត៌មានវិទ្យា(សុទ្ធ ដោយមិនមានលាយឡំឯកសារផ្នែកដទៃឡើយ) ។ ដោយបារម្ភពីការបិទចោល (Suspend) ពីសំណាក់ WordPress សំបុកអាយធីបានសម្រេចចិត្តទិញ ដូមេន និងសេវាបង្ហោះ ដោយត្រូវបង់ប្រាក់ ២៥ដុល្លារ/ឆ្នាំ។ ប៉ុន្តែនាពេលថ្មីៗនេះ សំបុកអាយធី បានទទួលការឧបត្ថម្ភសេវាបង្ហោះដោយឥតគិតថ្លៃពី TITB Hosting ។
គោលបំណង៖
អ្វីដែលជំរុញឲ្យសំបុកអាយធីបង្កើតជាវ៉ិបសាយគឺ ក្នុងគោលគំនិតរួមដែលចង់ពង្រឹង និងពង្រីកភាសាខ្មែរឲ្យកាន់តែទូលំទូលាយនៅលើបណ្តាញអ៊ីនធើណេត ឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ និងចូលរួមចំណែកចែករំលែកជាបទពិសោធន៍ និងគន្លឹះផ្សេងៗជូនដល់កូនខ្មែរទូទៅ ដែលមានបំណងចង់ដឹង និងស្វែងយល់ពីវិធី – របៀប ឬគន្លឺះនៃការអនុវត្តន៍ នានាដែលទាក់ទងនឹងផ្នែកព័ត៌មានវិទ្យាជាដើម។ ឯកសារ និងអត្ថបទមួយចំនួនដែលបានដាក់ផ្សាយស្ទើររៀងរាល់ថ្ងៃនេះ គឺត្រូវបានដកស្រង់ចេញពីគេហទំព័រល្បីនានា (ប្រែសម្រួលពីភាសាអង់គ្លេស) និងមួយចំនួនផ្សេងទៀតត្រូវបានរៀបចំ និងបង្កើតឡើងដោយសំបុកអាយធីផ្ទាល់។
សេចក្តីរំពឹងទុក៖
តទៅថ្ងៃមុខ សំបុកអាយធីរំពឹងទុកថា៖ ទីនេះជាកន្លែងផ្ទុកឯកសារចំណេះដឹងផ្នែកព័ត៌មានវិទ្យា (ជាពិសេសការអនុវត្តន៍) សម្រាប់ចែករំលែកជូនដល់បងប្អូនជំនាន់ក្រោយ គ្រាន់ទុកជាឯកសារយោង។ យ៉ាងណាមិញ សំបុកអាយធីសូមរង់ចាំទទួលការរិះគន់ ក្នុងន័យស្ថាបនារបស់មិត្តអ្នកអាន ដើម្បីកែលម្អវ៉ិបសាយមួយនេះ ឲ្យរឹតតែប្រសើរ និងក្លាយជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា។ សំបុកអាយធី នឹងបន្តទទួលអត្ថបទសំណូមពរពីប្រិយមិត្តទាំងអស់គ្នា ហើយសូមសន្យាថា នឹងព្យាយាមស្វែងរកឯកសារយោង ឬគន្លឹះបន្ថែមនានា មកបំពេញតាមតម្រូវការរបស់លោកអ្នក តាមតែសមត្ថភាពដែលអាចធ្វើទៅបាន។
—————————————————-
សូមអរគុណ!
ពីសំបុកអាយធី!
សំបុកអាយធី | www.sombokit.com បើមិនអនុវត្តន៍ ធ្វើម៉េចដឹងថាអ្នកចេះ?