តើលោកអ្នក​គួរទិញ Smartphone ​មួយទឹក មកប្រើប្រាស់ឬទេ?

លោកអ្នកប្រហែលជាធ្លាប់បានអានរួចមកហើយ នូវគន្លឹះ​ទិញ iPhone មួយទឹក​ឲ្យបាន​ត្រឹមត្រូវ និងធូរថ្លៃ ដែលវាអាចជាព័ត៌មានមួយចំនួន សម្រាប់លោកអ្នក យកទៅផ្ទៀងផ្ទាត់មុនពេលទិញ ប្រកបដោយទំនុកចិត្ត និងជៀសវាងការជ្រើសរើសខុស ។

ថ្ងៃនេះសំបុកអាយធី នឹងបង្ហាញជូនលោកអ្នក នូវចំណុចមួយចំនួនទៀតទាក់ទងនឹងការពិចារណាក្នុងការ​ទិញ Smartphone មួយទឹកមកប្រើប្រាស់ ឬគួរទិញទូរស័ព្ទថ្មី​១០០% ជំនួសវិញ? សូមតាមដាន និងអានខាងក្រោមនេះ៖

១/. ទិញ Smartphone ដែលមានការធានា

ជាធម្មតាគ្រឿងអេឡិចត្រូនិច តួយ៉ាងទូរស័ព្ទដៃ តែងតែអាចបានបញ្ហាបច្ចេកទេសណាមួយ ដែលទាមទារតម្រូវឲ្យមានការធានាលើគុណភាព​ប្រើប្រាស់ ព្រមជាមួយគ្រឿងបន្លាស់ជាដើម ។ល។ មុននឹងសម្រេចចិត្តទិញ​ទូរស័ព្ទលោកអ្នកអាចស្វែងរកមើលម៉ាកទូរស័ព្ទណាមួយ ដែលមានក្រុមហ៊ុនផ្លូវការ​ទទួលខុសត្រូវ ពេលដែលទូរស័ព្ទ​មានបញ្ហា ឬតម្រូវប្តូរគ្រឿងបន្លាស់ ។ ការធានាពិតជាសំខាន់ អាចឲ្យលោកអ្នកប្រើប្រាស់​ទូរស័ព្ទប្រកបដោយ​ទំនុកចិត្ត និងមិនបារម្ភពីបញ្ហានានា ដែលអាចកើតឡើងដោយចៃដន្យឡើយ ។

ការផ្ទេរម្ចាស់​កម្មសិទ្ធិ តាមទូរស័ព្ទដៃយោងតាមប័ណ្ណធានា និងលេខកូដម៉ាស៊ីន អាចនឹងត្រូវបានបន្តរហូតអស់​សពុលភាព (យ៉ាងតិច១ឆ្នាំ) ទោះបីជាលោកអ្នកបានលក់បន្តទៅអ្នក​ដទៃ​ក៏ដោយ (យោងតាមការកំណត់​របស់​ក្រុមហ៊ុនទូរស័ព្ទ​នីមួយប៉ុណ្ណោះ) ។

ទូរស័ព្ទតំណាង មិនមែនទូរស័ព្ទទាំងអស់​មានការធានាចូលទឹកឡើយ

២/. សុវត្ថិភាពព័ត៌មាន​ផ្ទាល់ខ្លួន

វាអាចនិយាយថា នេះជាចំណុចសំខាន់បំផុតដែលលោកអ្នកមួយចំនួន អាចនឹងមិនបានគិតដល់ ។ សុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន ដែលមិនគួរត្រូវបានបែកធ្លាយ ក៏អាចកើតចេញពី​ទូរស័ព្ទ​មួយទឹកនេះផងដែរ ។ ទូរស័ព្ទខ្លះ​បានលាក់​បំពួន​នូវ​កម្មវិធី​រុករក​ស្រាវជ្រាវ និងលួចឯកសារ​លោកអ្នក​ដោយសម្ងាត់បាន ពេលដែល​លោកអ្នក​ប្រើប្រាស់​ទូរស័ព្ទនោះ ដោយមិនបានពិនិត្យ​លើការ​សម្អាត​កម្មវិធី​ចាស់ៗចោល ។

តើលោកអ្នក​គិតថា​ការសម្អាត​កម្មវិធីចេញអស់ អាចនឹងលែងមានបញ្ហាដែរឬទេ សម្រាប់​ទូរស័ព្ទ​មួយទឹក? កម្មវិធី Recovery Software មានច្រើនប្រភេទ អាចនឹងស្វែងរកព័ត៌មាន​ដែលបានលុបហើយ មកវិញបាន តើលោកអ្នក​មានទំនុកចិត្តប៉ុណ្ណា?

៣/. តម្លៃ និងគុណភាព

លោកអ្នកប្រហែលគិតថា៖

ទិញទូរស័ព្ទ​មួយទឹកស៊េរីខ្ពស់ តម្លៃប្រហែលទូរស័ព្ទថ្មី ស៊េរីទាប, សុខចិត្តប្រើមួយទឹកវិញ! ទិញទូរស័ព្ទថ្មី ខាតច្រើន!

ជាការពិតណាស់! ទូរស័ព្ទដែលបានប្រើប្រាស់ហើយ នឹងធ្លាក់តម្លៃជាងទូរស័ព្ទ​ដែលនៅថ្មីមិនទាន់បកកេស! ហើយគុណភាពទៀតសោត ក៏អាចនិយាយបានថា ខុសគ្នាផងដែរ ។ តែអ្វីដែលលោកអ្នក​គួរពិចារណាមុនគេ ប្រហែលជាពីរចំណុចខាងលើនេះ ។ បើទិញថោក ប្រើមិនបានប៉ុន្មានខូច ហើយគ្មានការធានា និងអាចត្រូវចំណាយប្រាក់បន្ថែមលើការជួសជុល ឬត្រូវលក់បន្តទៀត ប្តូរស៊េរីថ្មី? តើទូរស័ព្ទមួយទឹក តម្លៃថោក បានផ្លាស់ប្តូរគ្រឿងហើយឬនៅ? ធ្លាប់មានបញ្ហាអេក្រង់ទេ? បញ្ហាថ្ម? មានឆ្នាំងសាក original ដែរទេ? បញ្ហាកាមេរ៉ា? ទាំងអស់នេះ សុទ្ធសឹងជាកត្តាដែល​នឹង​យោងតម្លៃ​ទូរស័ព្ទ​របស់​លោកអ្នក ។

សេចក្តីសន្និដ្ឋាន

សរុបជារួមមក ការទិញទូរស័ព្ទស៊េរីណាក៏ដោយ ក៏មិនអាចប្រាកដថាជៀសវាងបញ្ហារួចដែរ តែអ្វីដែលសំខាន់គឺការធានា និងគ្រឿងបន្លាស់ original ពីក្រុមហ៊ុនផ្លូវការ ។ យ៉ាងណាមិញ ការទិញទូរស័ព្ទមួយទឹក 99.99%, 95%, 98.2% ដែលគ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់ និងការធានាគុណភាព អាចធ្វើឲ្យលោកអ្នក​ខាតបង់ប្រាក់កាស និងពេលវេលា តែមិនទាំងអស់ឡើយ ទូរស័ព្ទមួយទឹកខ្លះ គ្រាន់តែត្រូវបានគេប្តូរស៊េរីថ្មី​តែប៉ុណ្ណោះ body អាចឆ្កូតបន្តិចបន្តួច អេក្រង់អាចនៅល្អ speaker គ្មានបញ្ហា ហើយបើលោកអ្នក​កំពុងប្រើមួយទឹក សូមកុំបារម្ភអី បើមិនទាន់មានបញ្ហានោះ 😉 ។

អានថែមទៀត

តើ​អ្នក​គួរ​ទិញ iPhone 6s និង 6s Plus ឥឡូវនេះដែរឬទេ?

លោកអ្នក​ប្រាកដជាបានតាមដាននូវព្រឹត្តិការណ៍ថ្មីៗ មួយរយៈនេះពីក្រុមហ៊ុន Apple ទាំង iOS 9, ទូរស័ព្ទ iPhone ជំនាន់ថ្មីចុងក្រោយ iPhone 6s និង 6s plus ហើយក្នុងនោះក៏មាន …

Leave a Reply