ហេតុអ្វី​បានលោកអ្នកចាំបាច់ទិញ iPhone Official?

iPhone Official ជាផលិតផលផ្លូវការដែល​ក្រុមហ៊ុន Apple ផ្តល់សិទ្ធិ​លក់​ស្របច្បាប់ មានន័យថាទាំងផលិតផល ឬគ្រឿង​បន្ទាប់​បន្សំ (Accessories) សុទ្ធសឹង​តែផ្តល់​ដោយ​ផ្ទាល់​ពីរោងចក្រ Apple ។ ចុះផលិតផល​ដែល​មានលក់​នៅលើ​ទីផ្សារ​សព្វថ្ងៃ Official ឬអត់? មានតែក្រុមហ៊ុន​ដែល​ផ្តល់​សិទ្ធិ​លក់ Apple Authorized Reseller ប៉ុណ្ណោះដែល​មានសិទ្ធិ​នាំចូលផលិតផល​នេះ ពីរោងចក្រផ្ទាល់! ក្រៅពីនេះ អាចនាំចូលតាមវ៉ាលីស ឬកាបូបដាក់​ខោអាវ 😀 ។

Apple Store

មានបញ្ហាអី បើទិញ iPhone មិនមែន Official?

មិនមានបញ្ហាអីនោះទេ បើ iPhone លោកអ្នក ឬ Accessories មិនមានបញ្ហា! (និយាយដូចអត់និយាយ 😀 ) ជាទូទៅ iPhone Official តែង​ភ្ជាប់​ជាមួយ​មកនូវ​ការធានា ១ឆ្នាំពេញ ទាំង iPhone និង​ Accessories ដែលមាន​ក្នុងប្រអប់ដើម ។ ឧទាហរណ៍៖ លោកអ្នកទិញ iPhone ថ្មី ហើយប្រើប្រាស់​បាន ២ខែ ស្រាប់តែខូច Speaker ឬប៊ូតុង Home ឬ ប៊ូតុង Power ឬអេក្រង់ខាងមុខ ដោយមានកំហុសបច្ចេកទេស​ពីរោងចក្រ​ (Apple) មកផ្ទាល់ នោះលោកអ្នក​នឹង​ទទួល​បានការធានាដូរថ្មី** ក្នុងកំឡុងជាក់លាក់ណាមួយ ពីហាងដែលមានសិទ្ធិលក់​ផលិតផល Apple Authorized Reseller ។ បើក្រៅពីផលិតផល Official លោកអ្នក​ប្រហែល​​ទទួល​បាន​ការធានាដូចគ្នា តែជាការធានាជួសជុល មិនអាចដូរថ្មីបានជាដាច់ខាត ព្រោះថាមកតាមកាបូបខោអាវ Apple Store មិនអាចធានាជូនឡើយ ។

**ការធានាដូរថ្មី ស្ថិតក្នុងលក្ខខណ្ឌមួយចំនួន​ដូចជា បញ្ហាដែល​ទាក់ទងនឹង Main board តែបើមិនមានបញ្ហាជាមួយ Board ទេ លោកអ្នក​នឹងទទួល​បានការដូរផ្នែកដែលខូចនោះ ជាមួយនឹង Part Original ពី Apple ដដែល ។

តើលេខកូដ LL/A ឬ ZP/A ឬ TH/A មួយណាល្អជាង?

គ្មានលេខកូដណាល្អជាង​លេខកូដណាមួយនោះទេ! វាជាលេខកូដសម្គាល់​តាមតំបន់ ឬប្រទេសដែល Apple Store កំណត់ប៉ុណ្ណោះ! ផលិតផលដែល​មាន​លេខកូដ​ទាំងនោះ សុទ្ធសឹងមានប្រភព​មកពីរោងចក្រ Apple តែមួយ Designed by Apple California / Assembly in China ។ TH/A ជាលេខកូដសម្គាល់ផលិត Official នៅប្រទេសកម្ពុជា ។ អ្នកខ្លះច្រឡំថា TH/A ជារបស់ប្រទេសថៃ ហើយមិនសូវល្អទេ ព្រោះវាប្រើទៅឆាប់ក្តៅ ជាដើម ។ល។ តែធាតុពិត​វាគ្រាន់ជាការយល់​ច្រឡំតែប៉ុណ្ណោះ ឬអាចជាព័ត៌មានដែលបំផុសឡើង ដោយអ្នកលក់មួយចំនួន​នៃលេខ​កូដដទៃ ។

អត្ថបទគួរអាន៖ គន្លឹះ​ពិនិត្យ​ថា​តើ iPhone Original ឬក៏ Fake

IPhone_5S_wordmark

ឆ្ងល់ទេ ហេតុអ្វី LL/A របស់អាមេរិក ថោកជាង TH/A ទៅវិញ?

ភាគច្រើន លោកអ្នក​ប្រហែលជាដឹងហើយថាផលិតផល​អាមេរិក តែងតែថ្លៃជាងគេ និងល្អជាងគេ តែបែជា iPhone អាមេរិកថោកជាង iPhone នៅអាស៊ី? បំភ្លេចការ​បំភ័ន្ត​នេះចោលទៅ ការបែងចែកលេខកូដ​តាម​តំបន់ ឬប្រទេស ក្នុងគោលបំណង​នៃការធានាច្បាស់​លាស់​តាម​ប្រទេស​នីមួយៗ ។ ក្រៅពី iPhone ដែលមានលេខកូដ TH/A ដូចជា LL/A ឬ ZP/A គ្មានការធានាច្បាស់លាស់នោះទេ! ហើយគ្មាន iPhone អាមេរិក ឬ iPhone ថៃដែរ ព្រោះរោងចក្រផលិត​សុទ្ធតែនៅ ចិន ដូចតែគ្នាទេ!

xerxes-1708-033

មានការយល់ច្រឡំជាច្រើនថា TH/A ជាលេខសម្គាល់​របស់​ប្រទេសថៃ តែតាមការពិត​វាជាលេខសម្គាល់​សម្រាប់ ៤ប្រទេសក្នុងនោះមាន កម្ពុជា ថៃ ឡាវ និងភូមា ។

មូលហេតុដែល iPhone Official មានតម្លៃថ្លៃជាងគេ

កត្តាមួយចំនួនដែល​ជាមូលហេតុ​នាំឲ្យ iPhone ផ្លូវការមានតម្លៃថ្លៃជាង iPhone តាមវ៉ាលីស ឬកាបូប ព្រោះថាទាំងការបង់ពន្ធ និងគ្រប់​ផ្នែក​ទាំងអស់នៃ iPhone និង Accessories ក្នុងប្រអប់សុទ្ធតែមានការធានារយៈពេល ១ឆ្នាំពេញ ដែល iPhone មិនផ្លូវការ អាចប្រហែលឆ្លងកាត់ពីរ ឬបី​ដំណាក់កាល ទម្រាំបានដល់​កាបូប មានន័យថា Accessories ដូចជាកាសត្រចៀក ឆ្នាំងសាក ខ្សែសាក អាចមិនប្រាកដថា​សុទ្ធ 100% ដែលជាមូលហេតុ​ដែល​អតិថិជន​មួយចំនួន ធ្លាប់​មានបញ្ហាឆាប់ខូចជាងធម្មតា ក្នុងកំឡុង​ការប្រើរយៈពេល តិចជាង ៣ខែ ឬ ៦ខែ ។ កុំជឿលើផ្លាស្ទិច រុំពីក្រៅ គេអាចក្លែងឧបករណ៍តម្លៃរាប់​សិបបាន ហេតុអ្វីគ្រាន់តែ​ថង់​ផ្លាស្ទិច?

Apple-iPhone-6

Black Market ឬហៅថា ផ្សារងងឹត មានគ្រប់តំបន់​សូម្បីអាមេរិក ដើម្បីតម្រូវការទីផ្សារ​ធូរថ្លៃ ដូរ Accessory ខ្លះទៅ ប្រហែលអ្នកទិញចូលចិត្តតម្លៃបែបនោះ 😀 ។

សេចក្តីសន្និដ្ឋាន

សរុបរួមមកវិញ វាជាជម្រើស និងការសម្រេចចិត្តលោកអ្នក ព្រោះថាភាពខុសគ្នា​រវាង iPhone Official និងមិន Official (តាមវ៉ាលីស ឬកាបូប) អាចប្រៀបធៀប​នឹង​តម្លៃ និងគុណភាពរបស់វា ។ អ្នកខ្លះអាចគិតថា យកធានាមកធ្វើស្អី? ខុសគ្នាប្រហែល ៥០ដុល្លារ ចាំមានបញ្ហាជួសជុស ស្រួលមិនស្រួល​អាច​ធូរជាងនេះផង! វាអាចជាជម្រើសប្រសើរដែរទេដឹង? ចុះបើកាស ឬ ឆ្នាំងសាកអ្នកខូចជាបន្ត​បន្ទាប់ ស្របពេលនឹង Home button ឬ Power button មានបញ្ហាស្របគ្នា លោកអ្នក​ប្រហែលស្អប់ iPhone ចង់តែគ្រវែងវាចោល​ផង​មើលទៅ! 😀

សម្រាប់ទម្លាប់ប្រទេសដទៃ អ្នក​ប្រើប្រាស់ iPhone ក្នុងតម្លៃប្រហែល​ជិត ៧០០ ដុល្លារ មិនដែលខ្វល់​ពី​ការខុសគ្នាត្រឹម ៥០ដុល្លារ​នោះទេ! មានលុយដល់ ៧០០ដុល្លារ បែរជាសាញនឹងលុយ ៥០ដុល្លារ … អ្វីដែលពួកគេបារម្ភ គឺគុណភាព និងសេវាកម្មទៅវិញទេ ។

បញ្ជាក់៖ រាល់ព័ត៌មានដែលបានសរសេរឡើង​នេះ មិនស្ថិត​ក្នុងគោលបំណង​ដើម្បីហាងណាមួយឡើយ សំបុកអាយធី​គ្រាន់តែ​ចង់​ផ្តល់​ព័ត៌មានពិត សម្រាប់លោកអ្នកស្វែងយល់ និងពិចារណាជៀសវាង ការទទួលព័ត៌មានដោយ​មិនច្បាស់លាស់ ឬបំភ័ន្ត ក្នុងគោលបំណងអាជីវកម្មណាមួយ ៕

Leave a Reply