វិធីការពារ​ចោរលួច WiFi ជិតផ្ទះលោកអ្នក

ការប្រើប្រាស់ Internet នៅតាមផ្ទះក្លាយជាចំណូលចិត្ត និងតម្រូវការរបស់​អ្នកប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទនាពេលបច្ចុប្បន្ននេះ ជាមួយនឹងតម្លៃដ៏សមរម្យចាប់ពី ១២ដុល្លារ ក្នុងមួយខែឡើងទៅ ។ ទន្ទឹមនឹងនេះ ក៏មានបញ្ហាមួយចំនួនទៀត បានកើតឡើងស្របគ្នា ដែលអ្នកប្រើប្រាស់តែងតែ​ដាក់សំនួរ​មកកាន់ សំបុកអាយធី ដែលថា តើមានវិធីងាយៗ ក្នុងការលួច WiFi គេប្រើដែរឬទេ? ចម្លើយ៖ សំបុកអាយធី សូមអធ្យាស្រ័យដែលមិនបានផ្តល់ចម្លើយតបវិញ ។ តែពេលនេះ ដោយមានការបង្ហាញ​ដោយខ្វះទំនួលខុសត្រូវ ទាក់ទងនឹងការការពារ ការលួចប្រើ WiFi របស់អ្នកជិតខាង ដែលធ្វើឲ្យល្បឿនអ៊ីនធឺណិតរបស់អ្នក​ដើរយឺត និងអាចប៉ះពាល់ដល់ឯកសារ​ឯកជនរបស់លោកអ្នក​ទៀតផងនោះ សំបុកអាយធី នឹងបង្ហាញពីគន្លឹះ​ក្នុងការការពារ​មួយចំនួន ដែលអាចឲ្យអ្នកលួចស្ទើរៗ លែងអាចប្រើ WiFi របស់លោកអ្នកបាន ។

crack-wi-fi-passwords-with-your-android-phone-and-get-free-internet.1280x600

ចំណាំ៖ ការលួចប្រើ WiFi របស់គេ មិនមែនជាការចែករំលែកនោះទេ! ព្រោះអ្នកលួច មិនបានសុំការអនុញ្ញាតពីម្ចាស់ដើមឡើយ (បើសុំមិនមែន​ហៅថាលួចទេ 😀 ) ។​ យ៉ាងណាក្តី បើអ្នកលួចដែលខ្វះបច្ចេកទេស បែរជាអាចធ្វើឲ្យម្ចាស់ WiFi លួចឯកសារពីកុំព្យូទ័រ ឬទូរស័ព្ទពីអ្នក​ត្រឡប់ទៅវិញទេ ។ មួយវិញទៀត ការលួចប្រើ WiFi មិនមែនជារឿងធម្មតានោះទេ វាប្រៀបដូចជាការលួចសិទ្ធិក្នុងការ​ប្រើប្រាស់ឧបករណ៍របស់អ្នកដទៃ ហើយវាមិនមែនជាកំហុសរបស់​ម្ចាស់ WiFi ដែលមិនបានការពារ WiFi ខ្លួននោះទេ! ឧទាហរណ៍៖ ចោរលួចម៉ូតូអ្នកបាត់ អ្នកត្រូវបន្ទោសចោរ ឬបន្ទោសម្ចាស់ម៉ូតូដែលមិនបានប្រយ័ត្ន ។ បើចោរមិនខុស មិនមែនប៉ូលីស ត្រូវដេញតាមចាប់នោះទេ!

លោកអ្នកមិនអាចបិទបាំង ការសាយភាយ WiFi Signal ពេលលោកអ្នកកំពុងប្រើបានទេ ដរាបណាលោកអ្នកបិទ WiFi តែដើម្បីការពារ​ការលួចប្រើ WiFi របស់លោកអ្នក មានដំណោះស្រាយ​មួយចំនួន ដែលលោកអ្នក​អាចសាកល្បងក្នុងការ​អនុវត្តន៍ដូចជា៖

  • បិទប៊ូតុង ​WPS (WiFi Protected Setup)
  • កំណត់លេខសម្ងាត់ឲ្យបានខ្លាំងលើ Router WiFi
  • ការប្តូរឈ្មោះ SSID
  • កាត់បន្ថយ​ចំងាយក្នុងការចែករំលែក Signal WiFi
  • លុប ឬ Block Mac Address ឧបករណ៍ដែលព្យាយាមតភ្ជាប់

បិទការចែករំលែកប៊ូតុង WPS – Disable

មុខងារ WPS ភាគច្រើនមាននៅលើ Router WiFi សឹងតែទាំងអស់ ដែលលោកអ្នកអាចបិទ ឬបើកប្រើបានតាមតម្រូវការ ។ បើលោកអ្នកគ្មានតម្រូវការក្នុងការចែករំលែក WiFi បន្តទេ សូមបិទមុខងារ WPS នេះ ដោយអាចចុចលើ Router ឬបញ្ជាតាម Web Interface ។ ដើម្បីអាចបិទបាន សូមចូលទៅកាន់ Browser ហើយវាយ 192.168.1.1 ឬ 192.168.0.1 ហើយវាយ Username: admin និង Password: admin បើលោកអ្នកមិនធ្លាប់ដូរនោះទេ ។

web-interface-tp-link

បន្ទាប់មក សូមពិនិត្យមើលថាតើ​លោកអ្នកបានបិទហើយ ឬនៅ?

image002(25)

WPS Status នឹងបង្ហាញថា Enabled (បានបើក) សូមចុចលើ Disable WPS ដើម្បីបិទការចែករំលែក ។ ប៉ុន្តែប្រសិនបើ លោកអ្នកចង់ចែករំលែក WPS ដើម្បីបង្កើនដែនសេវា WiFi ឲ្យបានខ្លាំង សូមអនុវត្តន៍ទៅជំហានបន្ទាប់ ។

កំណត់លេខសម្ងាត់​ឲ្យបានខ្លាំង

មិនថាតែ WiFi Router ទេដែលត្រូវការលេខសម្ងាត់ខ្លាំង សូម្បីតែគណនី Facebook ឬ Email របស់លោកអ្នក​ក៏ត្រូវការការកំណត់ច្បាស់លាស់​ផងដែរ ។ការប្រើប្រាស់លេខសម្ងាត់ដូចជា 12345678, iLoveyou, Sok88888, ជាដើម ។ល។ មិនគួរយកទៅប្រើប្រាស់​គ្រប់គណនី ឬអ្វីក៏ដោយ ព្រោះលេខសម្ងាត់ ជាលេខដែលមិនងាយក្នងការទាយ ឬស្មានដឹងបាន ។ ដើម្បីប្តូរលេខសម្ងាត់ សូមចូលទៅកាន់ Web Browser ហើយវាយ 192.168.1.1 ឬ 192.168.0.1 (ដូចចំណុចខាងលើដែរ) និងកំណត់លេខសម្ងាត់ ដែលលោកអ្នកអាច Generate បានដោយចុច ទីនេះ

Generate_Key

សូមកុំភ្លេចជ្រើសយក Encryption ដែលអាចជារនាំងបាំង មួយបន្ថែមទៀត លើការស្មានលេខសម្ងាត់ ។

Wireless_Security

លោកអ្នកអាចកំណត់លេខសម្ងាត់ណាក៏បាន តាមដែលលោកអ្នកអាចចំណាំក៏បាន តែត្រូវមានសញ្ញា (! ឬ ?) និងលេខ រួមទាំងអក្សរធំតូច ដែលចោរលួច WiFi អាចចំណាយពេលប្រហែលជាង ២០ឆ្នាំក្នុងការទាយលេខសម្ងាត់នោះ 😀 ។

ប្តូរឈ្មោះ SSID ឬ​ឈ្មោះ Network Wireless

នៅពេលភ្ជាប់ដំបូងៗ លោកអ្នកនឹងទទួលបានឈ្មោះដើមមួយ ដែលអាចជាឈ្មោះឧបករណ៍ ដូចជា TP-Link_841, Linksys ជាដើម តែលោកអ្នកអាចប្តូរឈ្មោះបានដោយអាចដាក់ថា c:\virus.exe, virus.bat ដើម្បីអាចបន្លាចចោរលួច កុំឲ្យហ៊ានក្នុងការលួចប្រើប្រយ័ត្នឆ្លងរោគ ។

wifi_networks

កាត់បន្ថយ​ចំងាយក្នុងការចែករំលែក Signal WiFi

ការចែករំលែក WiFi ឲ្យទៅដល់គោលដៅ ដែលលោកអ្នក​ចង់ប្រើប្រាស់ជាតម្រូវចាំបាច់ សម្រាប់អ្នកប្រើប្រាស់​អ៊ីនធឺណិតប្រចាំថៃ្ង សម្រាប់អ្នកដែលត្រូវការចែករំលែក WiFi Signal ឲ្យបានឆ្ងាយដូចជា ទៅដល់ជាន់ទី២ ឬចូលក្នុងបន្ទប់គេង សំបុកអាយធី សូមណែនាំឧបករណ៍ Range Extender ដែលអាចចែករំលែក​ WiFi ដល់ទីតាំងដែលលោកអ្នក​ត្រូវការ ។  បើគ្រាន់តែការពារអ្នកលួចប្រើ លោកអ្នកអាចជ្រើសរើសវិធីផ្សេងបាន ។

លុប ឬរារាំង MAC Address ឧបករណ៍ដែលមិនចង់ឲ្យតភ្ជាប់

រាល់ឧបករណ៍អេឡិចត្រូនិច ដូចជាកុំព្យូទ័រ ទូរស័ព្ទដៃ ឬ Tablet នានាសុទ្ធតែមាន MAC Address ដើម្បីសម្គាល់អត្តសញ្ញាណឧបករណ៍នីមួយៗ ។ លោកអ្នកអាចដាក់បញ្ចូលតែឧបករណ៍ដែល​លោកអ្នកអាចតភ្ជាប់ប្រើបានចូលទៅបានហើយ ក្រៅពី MAC Address ដែលបានបញ្ចូល ចោរលួច​ WiFi គ្មានសិទ្ធិអាចចូលប្រើបានទេ ។ នៅមានតិចនិច ដែល Hacker អាចលួចចូលបានទោះគេគ្មាន MAC Address ក៏ចូលបានដែរ តែដរាបណាគេបានដឹង MAC Address ណាមួយរបស់អ្នក ។ ដើម្បីអាចបញ្ចូល MAC Address ចូលក្នុង Router WiFi លោកអ្នក សូមចូលទៅកាន់ Web Browser ហើយវាយ IP ដូចខាងលើ ។

  • សូមចូលទៅកាន់ Wireless –>Wireless MAC Filtering ហើយចុច Enable ដើម្បីឲ្យ Router លោកអ្នកអាចច្រោះ Mac Address ដែលអាចឲ្យចូលភ្ជាប់បាន ឬមិនបាន ។

Wireless Mac Filter

  • សូមបញ្ចូល Mac Address ដែលលោកអ្នកអនុញ្ញាត ដោយចុចលើ Add New ហើយជ្រើសរើសយក Status: Enabled ហើយចុច Save ដើម្បីរក្សាការកំណត់ ។

201141216211101

  • ក្នុងករណីលោកអ្នកអាចរកឃើញ MAC Address ចោរដែលលួចប្រើ សូមបញ្ចូលហើយកំណត់ Status: Disabled នោះឧបករណ៍ដែលគេប្រើនោះ នឹងមិនអាចប្រើបានរហូត ។
បញ្ជាក់៖ សូមប្រុងប្រយ័ត្ន ក្រែងលោកអ្នកបញ្ចូល MAC Address ខ្លួនឯងហើយ មិនអាចប្រើអ៊ីនធឺណិតបាន ។ ប៉ុន្តែលោកអ្នកអាចប្រើឧបករណ៍ដទៃផ្សេងទៀត កែប្រែការកំណត់ ឬលោកអ្នកអាច Reset Router ដើម្បីឲ្យគ្រប់យ៉ាងត្រឡប់ទៅខាងដើមវិញ ។

ចង់រកមុខអ្នកលួចប្រើទេ?

មិនពិបាកទេ នៅពេលគេបានភ្ជាប់មកកាន់ Network របស់លោកអ្នកហើយ លោកអ្នកអាចរកមើលតាម Router Settings ដោយចូលទៅ IP ខាងលើ ហើយចូលទៅកាន់ IP & Mac Binding => ARP List ដូចរូបខាងក្រោម ។

ARP_List

លោកអ្នកនឹងឃើញ MAC Address ដែលបានភ្ជាប់មកកាន់ Network របស់លោកអ្នក ។ ដល់ចំណុចនេះ ដល់ពេលគ្រោះថ្នាក់សម្រាប់អ្នកលួចប្រើវិញម្តង 😀 ព្រោះនៅពេលនរណាម្នាក់ដឹង MAC Address លោកអ្នកនោះគេនឹងអាចបញ្ជាកុំព្យូទ័រអ្នក ឬលួចឯកសារ ។ នៅមានកម្មវិធីមួយចំនួនទៀត ដែលលោកអ្នកអាចឃើញឈ្មោះឧបករណ៍ទាំងអស់នោះតែម្តង!

មតិ៖ ការចំណាយ ១២ដុល្លារ ក្នុងមួយខែ វាមិនច្រើនណាស់ណាទេ! សូមកុំទម្លាប់លួចរបស់គេប្រើ ប្រយ័ត្នធ្លាប់ដៃ ហើយបើចង់ប្រើសូមសុំលេខសម្ងាត់ពីម្ចាស់ដើម បើគេអនុញ្ញាត ។

សន្និដ្ឋាន

ប្រសិនបើលោកអ្នកមិនមាន WiFi ប្រើ ឬមិនចង់ប្រើ 3G តាមទូរស័ព្ទដែលបណ្តាលឲ្យក្តៅថ្មទូរស័ព្ទ សូមស្វែងរកឧបករណ៍ដទៃផ្សេងទៀត ដែលលោកអ្នក​អាចត្រូវតម្រូវការ ។ Cyber Law ដែលទាក់ទងនឹងទោសក្នុងការប្រើប្រាស់នានា លើបណ្តាញអ៊ីនធឺណិត ក៏មានដែរនៅក្នុងប្រទេសកម្ពុជា សូមកុំព្យាយាមលួច ការប្រើកម្មវិធីនានាដើម្បីយកលេខសម្ងាត់ពីម្ចាស់ដើម ជារឿងមិនត្រឹមត្រូវ និងផ្ទុយនឹងច្បាប់ ។ គ្រាន់តែ ១២ដុល្លារ ក្នុងមួយខែ កុំឲ្យគេហៅយើងថាជា ចោរ !

14 មតិ

  1. ke block mac address leng ot kert ?
    change mac address jea ka srach hz

  2. ខ្ញុំសូមអគុណ រាល់ការចែករំលែករបស់បង តែខ្ញុំសំនូមពរបងអំពីការដែលយើងចង់ប្រើ WIFI គេដែលមានPassword យ៉ាងមេចវិញបង?

  3. បង តើយើងធ្វើយ៉ាងដូចម្ដេចទើបយើងដឹងថា មួយណាជាកុំព្យូទ័ររបស់យើង ហើយមួយជារបស់គេ ?
    តើយើងត្រូវធ្វើដូចម្ដេចដើម្បីលួចឯកសារពីកុំព្យូទ័រដែលលួចប្រើ WIFI របស់យើង និងធ្វើដូចម្ដេចដើម្បីកំទេចកុំព្យួរនោះចោល?

  4. អ្នកច្នៃវិធីថ្មី

    សន្សំ virus ទុកឲ្យបានច្រើន បន្ទាប់មកប្រលែងចូលក្នុងប្រព័ន្ធកុំព្យុទ័រគេទៅជាការស្រេច ! he he he he

  5. We Should Uncheck Broadcast to hide SSID, dont allow thief see it.

  6. មកពីWiFiយើងហោះគ្មាសណ្តាប់ធ្នាប់ចូលផ្ទះគេ​​ គេយកប្រើវាជាការសមគួរហើយ

  7. សួរស្ដី! ខ្ញុំទើបតែភ្ជាប់Wifi ដូច្នេះខ្ញុំមិនដឹងអ្ងីជាAdmin username ទេ។ តើខ្ញុំអាចដឹងដោយវិធីណា?
    អរគុណ!

    • សួស្តី! User: admin និង Password: admin ជាព័ត៌មានសម្រាប់ចូលទៅគ្រប់គ្រង Router របស់អ្នក ។

  8. ខ្ញុំមិនចង់ឲ្យមាននរណាម្នាក់hack wifi​ របស់ខ្ញុំបាន។ តើមានវិធីទេណាអាចការពារបាន ក្រៅពីblock macc address ទេ?

Leave a Reply